ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា (Rice Export Cost Study) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (CAVAC) នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ឧសភា ថា គម្រោងសិក្សាថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជានេះ ត្រូវបានស្នើឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការនិងគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ «កម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា» ឬ កាវ៉ាក់ (CAVAC) ដែលគម្រោងនេះមានបំណងរកឱ្យឃើញពីបញ្ហាប្រឈម ឧត្តមភាព ឬលទ្ធភាពពង្រឹងភាពប្រកួតប្រជែងបច្ចុប្បន្នរបស់វិស័យស្រូវ-អង្ករកម្ពុជា។
ការសិក្សាបានផ្តោតសំខាន់លើភាពប្រកួតប្រជែងវិស័យស្រូវ-អង្ករកម្ពុជា ដោយវិភាគលើខ្សែច្រវ៉ាក់តម្លៃរបស់វិស័យស្រូវ-អង្ករ ចាប់តាំងពីការបង្កបង្កើនផល ការសម្ងួត និងកិន រហូតដល់ការនាំចេញដែលរួមទាំងការដឹកជញ្ជូន និងការរត់ការឯកសារផងដែរ សម្រាប់ការនាំចេញទៅកាន់ប្រទេសគោលដៅ (នាំចូល) នៅសហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត។
របាយការណ៍នៃលទ្ធផលសិក្សានេះ នឹងផ្សព្វផ្សាយជូនវិស័យឯកជន និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅដាក់ចេញផែនការ និងគោលនយោបាយអភិវឌ្ឍន៍វិស័យស្រូវ-អង្ករកម្ពុជា និងឈានទៅចាប់យកទីផ្សារអង្ករក្រៅប្រទេស។
អង្គប្រជុំ បានពិភាក្សាលើផ្នែកពាក់ព័ន្ធសំខាន់ៗដែលប៉ះពាល់ដល់តម្លៃនាំចេញអង្ករកម្ពុជា រួមមាន៖ អគ្គិសនី ដឹកជញ្ជូនពីឃ្លាំងទៅកំពង់ផែ ថ្លៃចំណាយនៅកំពង់ផែ ចំណាយលើការនាំចេញ ថ្លៃដឹកជញ្ជូនពីកំពង់ផែទៅប្រទេសគោលដៅ (នាំចូល) និងចំណាយពាក់ព័ន្ធផ្សេងៗទៀត។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងផ្នែកឯកជន បន្តសហការ និងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យស្រូវ-អង្ករកម្ពុជា លើតម្លៃអង្ករនាំចេញ។
លោកប្រធានអង្គប្រជុំ នឹងរាយការណ៍អំពីបញ្ហាប្រឈមជូនថ្នាក់ដឹកនាំ និងស្នើសុំសេចក្តីសម្រេចពីថ្នាក់ដឹកនាំ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ៕E B